នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៥៖ នៅទីស្តីការក្រសួងផែនការ ឯកឧត្តម ប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែនការ បានដឹកនាំកិច្ចប្រជុំអន្តរក្រសួងកម្រិតជាន់ខ្ពស់មួយ ដើម្បីពិនិត្យនិងពិភាក្សាលើសេចក្តីព្រាង ផែនការសកម្មភាព ២០២៥-២០២៧ នៃ គោលនយោបាយជាតិប្រជាជន ២០១៦-២០៣០។ គោលបំណងចម្បងនៃកិច្ចប្រជុំនេះគឺដើម្បីពិនិត្យលើ តារាងម៉ាទ្រីស ដែលជាស្នូលនៃផែនការសកម្មភាពនេះ។
ប្រវត្តិ និងសារៈសំខាន់នៃគោលនយោបាយជាតិប្រជាជនវឌ្ឍនភាព និងការអនុវត្តកន្លងមក " ការរៀបចំផែនការសកម្មភាពដំណាក់កាលទី៤ "គោលនយោបាយជាតិប្រជាជន ២០១៦-២០៣០ ត្រូវបានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៦។ គោលនយោបាយនេះបានកំណត់យុទ្ធសាស្ត្រច្បាស់លាស់ដើម្បីដោះស្រាយបញ្ហាប្រឈមនានាដែលទាក់ទងនឹងប្រជាជន និងការអភិវឌ្ឍ។ គោលបំណងរបស់វាគឺដើម្បីរួមចំណែកបង្កើតតុល្យភាព សមធម៌ និងធ្វើឱ្យប្រសើរឡើងនូវគុណភាពជីវិតរបស់ប្រជាជន ព្រមទាំងជំរុញការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមប្រកបដោយចីរភាពនៅត្រឹមឆ្នាំ២០៣០។
គោលនយោបាយនេះគឺជាទិសដៅយុទ្ធសាស្ត្រដ៏សំខាន់មួយដែលត្រូវបានបញ្ចូលទៅក្នុងឯកសារគោលនយោបាយផ្សេងៗរបស់រាជរដ្ឋាភិបាល រួមមាន យុទ្ធសាស្ត្របញ្ចកោណ ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ និងក្របខ័ណ្ឌគោលនយោបាយពាក់ព័ន្ធនានា។
យោងតាមគោលនយោបាយនេះ ផែនការសកម្មភាពត្រូវរៀបចំជា ៥ ដំណាក់កាល ដោយដំណាក់កាលនីមួយៗមានក្របខ័ណ្ឌពេលវេលា ៣ ឆ្នាំ។ ក្រសួងផែនការ ដែលមានអគ្គលេខាធិការដ្ឋានប្រជាជននិងអភិវឌ្ឍន៍ជាសេនាធិការ បានរៀបចំនិងអនុវត្តផែនការសកម្មភាពទាំងនេះដោយមានការចូលរួមពីក្រសួង-ស្ថាប័នពាក់ព័ន្ធ។
គួរកត់សម្គាល់ថា ផែនការសកម្មភាពរយៈពេល ៣ ដំណាក់កាលកន្លងមកត្រូវបានអនុវត្តប្រកបដោយជោគជ័យ។ សមិទ្ធផលសំខាន់ៗជាច្រើននៃការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមក្នុងរយៈពេលជិត ១ ទសវត្សរ៍ចុងក្រោយនេះ គឺជាសក្ខីភាពមួយដែលបង្ហាញពីប្រសិទ្ធភាពនៃការអនុវត្តគោលនយោបាយជាតិប្រជាជន។
ដើម្បីធានានិរន្តរភាពនៃការអនុវត្តគោលនយោបាយរហូតដល់ចប់អាណត្តិ និងដើម្បីបន្តដោះស្រាយបញ្ហាប្រឈមដែលកើតចេញពីឥទ្ធិពលខាងក្រៅនិងខាងក្នុង ក្រសួងផែនការកំពុងបន្តរៀបចំ ផែនការសកម្មភាពដំណាក់កាលទី៤ ឆ្នាំ២០២៥-២០២៧។
បញ្ហាប្រឈមសំខាន់ៗដែលត្រូវយកមកពិចារណា រួមមាន៖
ភាពមិនប្រាកដប្រជានៃសេដ្ឋកិច្ច និងហិរញ្ញវត្ថុពិភពលោក។
ការប្រកួតប្រជែងសេដ្ឋកិច្ចក្នុងតំបន់។
បម្រែបម្រួលអាកាសធាតុ។
ការកើនឡើងនៃជម្លោះក្នុងតំបន់។
ការរៀបចំផែនការសកម្មភាពថ្មីនេះត្រូវបានធ្វើឡើងក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីបន្តដំណើរការអភិវឌ្ឍន៍ប្រទេសឆ្ពោះទៅមុខប្រកបដោយចីរភាពនិងភាពធន់៕
0 Comments