ថ្លែងក្នុងជំនួបសម្តែងការគួរសម
និងពិភាក្សាការងារ នាទីស្តីការក្រសួងផែនការ នាព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣
ឯកឧត្តម ប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែនការ បានថ្លែងនូវអំណរគុណ
និងស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានរបស់លោកបណ្ឌិត Will Parks ព្រមទាំងសហការី
ដែលបានឆ្លៀតពេលវេលាមមាញឹកអញ្ជើញមកក្រសួងផែនការនាពេលនេះ។
ឯកឧត្តមរដ្ឋមន្ត្រី
ក៏បានលើកឡើងពីកិច្ចសហប្រតិបត្តិការដ៏ល្អរវាងក្រសួងផែនការ និងអង្គការ UNICEFកន្លងមក
ដែលUNICEF បានឧបត្ថម្ភ គាំទ្រជំនួយបច្ចេកទេស
លើការងាររៀបចំផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ
ក្របខណ្ឌគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព
ការងារពាក់ព័ន្ធអាហារូបត្ថម្ភ(បញ្ចូលជាតិអ៊ីយ៉ូដជាសកលក្នុងអំបិល) ការគណនានិងវិភាគពីភាពក្រីក្រកុមារនៅកម្ពុជា
និងជាពិសេសក្នុងអំឡុងពេលនៃការរីករាលដាលនៃជំងឺកូវីដ១៩ UNICEF បានជួយគាំទ្រដល់ដំណើរការនៃការរៀបចំនីតិវិធីនៃការកំណត់អត្តសញ្ញាណកម្មគ្រួសារក្រីក្រ
ជាមួយនឹងការគាំទ្រដល់ដំណើរការចុះបណ្តុះបណ្តាលមន្ត្រីពាក់ព័ន្ធរហូតដល់ថ្នាក់ក្រុង
ស្រុក រាជធានី ខេត្តផងដែរ។
មានប្រសាសន៍ក្នុងជំនួប
លោកបណ្ឌិត Will
Parks បានសម្តែងនូវការអបអរសាទរចំពោះឯកឧត្តមរដ្ឋមន្ត្រី
ដែលត្រូវបានរាជរដ្ឋាភិបាលកម្ពុជា ផ្តល់សេចក្តីទុកចិត្ត
តែងតាំងជារដ្ឋមន្ត្រីក្រសួងផែនការ។ លោកបណ្ឌិតបន្តថា ក្នុងនាមជាតំណាងឱ្យអង្គការ UNICEF
លោកសន្យានឹងបន្ត ពង្រឹង
និងពង្រីកកិច្ចសហប្រតិបត្តិការដ៏ល្អរវាងក្រសួងផែនការ និងUNICEF ឱ្យកាន់តែរឹងមាំបន្ថែមទៀត។ ជាមួយគ្នានេះដែរ លោកបណ្ឌិត
បានស្នើឯកឧត្តមរដ្ឋមន្ត្រី
អញ្ជើញចូលរួមជាអធិបតីភាពក្នុងកិច្ចប្រជុំពិគ្រោះយោបល់ជាមួយអង្គការUNICEF ដែលនឹងប្រព្រឹត្តទៅនាចុងខែកញ្ញា ឆ្នាំ២០២៣ខាងមុខនេះ
ដោយផ្តោតសំខាន់លើការរៀបចំផែនការកិច្ចសហប្រតិបត្តិការ សម្រាប់រយៈពេល៥ឆ្នាំបន្តទៀត
(២០២៤-២០២៨)។
មុននឹងបញ្ចប់កិច្ចពិភាក្សា
ឯកឧត្តមរដ្ឋមន្ត្រី បានស្នើដល់UNICEF ឱ្យបន្តកិច្ចគាំទ្រលើការងារអាហារូបត្ថម្ភតាមរយៈកម្មវិធីបញ្ចូលជាតិអ៊ីយ៉ូដជាសកលក្នុងអំបិល
និងកម្មវិធីបញ្ចូលជាតិដែកក្នុងទឹកត្រី និងទឹកស៊ីអ៊ីវ ដល់កុមារ និងមនុស្សពេញវ័យ
បន្តគាំទ្រលើការបណ្តុះបណ្តាលដល់មន្ត្រីក្រសួងផែនការ លើជំនាញត្រួតពិនិត្យ
និងវាយតម្លៃ(M&E) ឧបត្ថម្ភ
គាំទ្របច្ចេកទេសលើការងារប្រមូលទិន្នន័យនៅថ្នាក់ក្រោមជាតិ
ជាពិសេសឧបត្ថម្ភគាំទ្រជាសម្ភារៈTablet បន្ថែម ដល់បណ្តាឃុំ
សង្កាត់ទូទាំងប្រទេស និងមន្ទីរផែនការរាជធានីខេត្ត
ពាក់ព័ន្ធនឹងការងារកំណត់អត្តសញ្ញាណកម្មគ្រួសារក្រីក្រផងដែរ។